និស្ស័យស្នេហ៍ស្រីគ្រប់លក្ខណ៍
បទភ្លេង ទំនុកច្រៀង និង
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. រសៀលទន់ទាប រសាប់ចិត្តក្រៃ ជំនោរនិរតី
ដូចដង្ហើមស្រី ពេលគេងលំហែរអើយ
រលឹមផ្សែងក្រូច ស្រោចស្រពមន្តស្នេហ៍
លង្លង់លន្លោចម៉្លេះទេ ដូចអូនបំពេរ អោយកើយឱរ៉ា។
២. មិនគួរនិមល ស្លាប់ចោលបងទៅ រលឹកណាស់ពៅ
សក់រលោងខ្មៅ នៅនឹងនេត្រាអើយ
រលកសម្ផស្ស រលាស់គន្ធា ព្រលឹងប្រលោមចិន្តា
ឆាបយកសង្ខារ បងហើយណាស្រី។
៣. លាហើយទ្រព្យធន បុណ្យសក្តិទាំងឡាយ
លែងឃ្លានហើយបាយ គក់ទ្រូងអោយធ្លាយ
ទើបសមភក្តី ចង់រត់បង្ហូត អោយផុតផែនដី
ជ្រៀតជ្រែកពិភពដទៃ ស្វែងរកឥសី មកជប់ជីវ៉ា។
បន្ទរ. រៀមរត់អោយស្លាប់ សំរាប់ជាតិថ្មី រកព្រលឹងស្រី
ធាតុអូននៅដៃ បងកាន់បង្ការអើយ
បើរស់វិញមែន រស់មូលផងគ្នា ស្លាប់ទៀតក៏ពីរអង្គារ
រួមឈាមស្នេហា គ្រប់លក្ខណ៍និស្ស័យ៕