ថ្ងៃលិចឯនាយសមុទ្រ
បទភ្លេង ទំនុកច្រៀងដោយ វ៉ោយ ហូរ
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. អាយុខ្លីម្លេះឱសម្លាញ់អើយ ស្តាយមិនគូរបង់សង្ខារឡើយ
អស់ឱមិត្តអើយអភ័ព្វ ជួបជុំគ្នាហើយម្តេចឡើយមិនគាប់
ហាក់ដូចជាណាត់គ្នាស្លាប់ ឲ្យខ្ញុំចុកចាប់ខ្លោចផ្សាម្លេះទេ។
២. រលកគ្រាំៗយំពេញសមុទ្រ ឱមិត្រខ្ញុំសែនតក់ស្លុត
អារម្មណ៍រន្ធត់អស់ហើយ សមុទ្រធំធែងមិនទាន់រីងឡើយ
បក្សីនៅច្រៀងឆ្លងឆ្លើយ អស់ឱមិត្តអើយម្តេចអស់វាសនា។
៣. ស្រលាញ់អើគ្នាណាស់ កម្មអ្វីព្រាត់ប្រាស់ទៅបាន
សូមព្រលឹងមិត្តទាំងពីរប្រាណ បានសុខសាន្ត
នាស្ថានថ្មីចុះអើយ មិត្តអើយ មិត្តអើយ មិត្តអើយខ្ញុំស្តាយអ្នកណាស់។
៤. ថ្ងៃលិចឯនាយសមុទ្រទៅហើយ ឱថ្ងៃអើយជាព្រលឹងអ្នក
ឲ្យខ្ញុំអួលអាក់ចិន្តា សូមឲ្យព្រលឹងនៃគូសង្សារ
ជាតិក្រោយកុំដូច្នេះណា ស្នេហាជួបគ្នា បានសុខាអើយ។
(ភ្លេង)
៥. ម្តេចមានសមុទ្រ ម្តេចមានរលកក ឱរលកម្តេចបោកគ្មានឈប់
ម្តេចក៏មានយប់មានថ្ងៃ ម្តេចសមុទ្រមិនរីងរសជាតិនៅប្រៃ
សត្វលោកកើតមកធ្វើអ្វី បើកើតហើយក្ស័យទៅវិញដដែល៕


