អធ្រាត្រឆ្មាក្អក
បទភ្លេង ទំនុកច្រៀងដោយ អ៊ុយ ហ៊ែល
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. អធ្រាត្រឆ្មាក្អក មាន់គកដេកផ្អៀង កណ្តុរស្រែកច្រៀង
ឆ្មាផ្អៀងគូទស្តាប់ គីង្គក់វាក្រត ដាស់គ្នាប្រញ៉ាប់
កេណ្ឌគ្នាជាទ័ព ឲ្យទៅទាក់ដំរី អឺអើយ ទៅទាក់ដំរីៗ។
២. កន្តុលអុកអើយនាងកើតឆ្នាំអី ម្តេចបានជាស្រី
ល្អស្រស់ជាងគេ បើអូនបានបង បងមិនឲ្យខ្វល់ទេ មានពេលទំនេរ
អង្គុយមើលតែមុខ អឺអើយ អង្គុយមើលតែមុខៗ។
៣. កំប៉ោៗអើយ ស្លៀកខោកំពិត ប្រុសៗឆ្កួតចិត្ត
ព្រោះត្បិតកំប៉ោ ផាមួងមិនស្លៀក មកស្លៀកឯខោ
ដោយសារកំប៉ោ ប្រុសឆោឡោពេញភូមិ
អឺអើយ ប្រុសឆោឡោពេញភូមិៗ។
៤. ស្រឡនៗអើយ កុំស្រឡាញ់លោក កម្លោះគគោក
ទុកលោកធ្វើបុណ្យ បើចង់បានប្តី ម្តេចមិនប្រាប់បងមុន
ឥឡូវវាស៊ុន កូនមួយកន្ទេលទៅហើយ។
អឺអើយ កូនមួយកន្ទេលទៅហើយៗ។
៥. កណ្ឌៀងៗអើយ ដុះរៀងមាត់បឹង ស្រីតូចច្រឡឹង
ខឹងអ្វីនឹងបង មួយយប់ទល់ភ្លឺ អូនគេងបែរខ្នង អូនធ្វើបាបបង
ឲ្យបងគេងអត់ខ្នើយ អឺអើយ ឲ្យបងគេងអត់ខ្នើយៗ៕
(ច្រៀងពីរដង)


